ឯកអគ្គរាជទូតអូស្រ្តាលី គាំទ្រការរីកចម្រើនទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-អូស្ត្រាលី ពិសេសកោតសរសើរការរីកចម្រើនផលិតផលទឹកដោះគោ Royal Ausnz នៅលើទីផ្សារកម្ពុជា

(ភ្នំពេញ)៖ លោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំកម្ពុជា បានសម្ដែងការគាំទ្រ ចំពោះកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រវាងអូស្រ្តាលី និងកម្ពុជា ហើយក៏កោតសសើរចំពោះការរីកចំរើន របស់ផលិតផលទឹកដោះគោ Royal Ausnz នៅលើទីផ្សារកម្ពុជា ក៏ដូចជាទីផ្សារពិភពលោកទាំងមូល។

ការកោតសរសើរបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោក Pablo Kang អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសអ្នកតំណាងផលិតផល និងជួបជុំតំណាងចែកចាយ ទូទាំងប្រទេសកម្ពុជា នៃផលិតផលទឹកដោះគោ Royal Ausnz ដែលរៀបចំធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល ភូគេត្រា នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។

លើសពីនោះទៀត ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំកម្ពុជា បានសម្តែងការអបអរសាទរ ចំពោះភាពរីកចំរើននៃ Royal Ausnz ដែលជាម៉ាកផលិតផលសុទ្ធមួយរបស់អូស្រ្តាលី នៅប្រទេសកម្ពុជា ក៏ដូចនៅទីផ្សារពិភពលោក របស់ក្រុមហ៊ុន Royal Platinum។

ជាមួយគ្នានោះ លោក Pablo Kang ក៏បានគូសបញ្ជាក់ផងដែរថា អូស្រ្តាលី នឹងបង្កលក្ខណៈងាយស្រួល ដើម្បីរួមចំណែកអភិវឌ្ឍន៍ទីផ្សារ ក៏ដូចជាជំរុញការ ផលិតម្សៅទឹកដោះគោ ដែលមានគុណភាពខ្ពស់បំផុត។

លោក ជា ស៊ុនសុពណ៌ នាយកគ្រប់គ្រងក្រុមហ៊ុន Royal Platinum បានឲ្យដឹងថា ចាប់តាំងពីឈានជើង ចូលទីផ្សារនៅឆ្នាំ២០១៤ រហូតមកដល់ពេលបច្នុប្បន្ននេះ ម្សៅ ទឹកដោះគោម៉ាក Royal Ausnz ទទួលបានទំនុកចិត្ត និងការទទួលស្គាល់ពីអតិថិជនថា ជាម្សៅទឹកដោះគោដែលគុណភាពល្អ មានគុណតំលៃអាហាររូបត្ថម្ភខ្ពស់មួយ។

លោក ជា ស៊ុនសុព៌ណ បានបន្ដថា ការចូលរួមផ្តល់កិត្តិយស ពីសំណាក់ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំកម្ពុជា បានបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្រដល់ ទំនាក់ទំនង ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយក៏ផ្តល់ជាទំនុកចិត្តខ្ពស់បំផុតមួយ ដល់អតិថិជន ក៏ដូចតំណាងចែកចាយម៉ាកផលិតផល Royal Ausnz ផងដែរ។

បើតាមលោក Michael Butler ដែលជាតំណាងរោងចក្រផលិត ម្សៅទឹកដោះគោ Royal Ausnz នៅប្រទេសអូស្ត្រាលី បានឲ្យដឹងថា រាល់ផលិតផលនីមួយៗ របស់ក្រុមហ៊ុន ត្រូវបានផលិតពីទឹកដោះគោស្រស់ (ព្រោះក្រុមហ៊ុន មានកសិដ្ឋានចិញ្ចឹមគោផ្ទាល់)។

លោកបន្ដថា ក្រុមហ៊ុនប្រើបច្ចេកវិជ្ជា ទំនើបឈ្មោះថា Wet Blending Technology ក្រោមការត្រួតពិនិត្យ យ៉ាងម៉ត់ចត់របស់ប្រទេសអូស្រ្តាលី ដែលជាប្រទេសល្បី ខាងម្សៅទឹកដោះគោ និងជាប្រទេសដែលមានសុវត្ថិភាព ចំណីអាហារខ្ពស់បំផុតមួយ ក្នុងពិភពលោក។

គិតមកដល់បចុប្បន្ននេះ Royal Ausnz មានផលិតផលម្សៅទឹកដោះគោសំរាប់គ្រប់វ័យដូចជា ម្សៅទឹកដោះគោ សំរាប់ទារក កុមារ មនុស្សពេលវ័យ មនុស្សចាស់ និងសំរាប់ស្រ្តីពពោះ។ នេះជាការបញ្ជាក់បន្ថែម របស់លោក Michael Butler។

តំណាងរោងចក្ររូបនេះ បានឲ្យដឹងផងដែរថា នាពេលថ្មីៗនេះ ក្រុមហ៊ុនបានផលិតម្សៅទឹកដោះពពែមួយទៀត សំរាប់ទារក និងកុមារ ដែលមានប្រតិកម្ម ជាមួយទឹកដោះគោទារក និងកុមារដែលមានប្រព័ន្ធរំលាយ អាហារខ្សោយ និងទារក ឫកុមារដែលកើតមិនគ្រប់ខែ មិនគ្រប់គីឡូជាដើម។

លើសពីនេះទៀត ក្រុមហ៊ុនកំពុងអភិវឌ្ឍន៍ និងផលិតនូវផលិតផលថ្មីមួយចំនួនទៀត ដូចជា ម្សៅទឹកដោះគោ សំរាប់ថែរក្សាសម្រស់ស្ត្រី ទឹកគ្មានជាតិរ៉ែ សំរាប់ឆុងម្សៅទឹកដោះគោ និងវីតាមីនសំរាប់ទារក និងកុមារជាច្រើនប្រភេទ ដែលនឹងមានលើទីផ្សាឆាប់ៗខាងមុខនេះ។

គូសបញ្ជាក់ផងដែរថា ក្នុងឱកាសនោះ លោកស្រី នាង សុវត្ថាណា ហៅ DJ Nana ក៏ត្រូវបានប្រកាសជាអ្នកតំណាង ផលិតផលទឹកដោះគោ Royal Ausnz ប្រចាំនៅកម្ពុជាផងដែរ៕

ប្រភពពី:​ Fresh News

Close
Close

Sign in

Close

Cart (0)

Cart is empty No products in the cart.



Currency