វិធីបណ្តេញខ្យល់ចេញពីក្នុងពោះកូន ការពារកូនតូចចុកឆ្អល់

កូនតូចៗ ស្រែកយំគឺជានិមិត្តសញ្ញាដើម្បីប្រាប់ឱ្យយើងដឹងថា គេកំពុងមានអារម្មណ៍យ៉ាងណា ត្រូវការអ្វី និងពេលយើងសង្កេតមើលជារឿយៗ ចាប់ផ្តើមស៊ាំធ្លាប់ជាមួយកូនតូចហើយនោះ យើងនឹងអាចតបស្នងតម្រូវការរបស់កូនតូចបានត្រូវនឹងបញ្ហា និងដឹងថា កូនតូចនឹងស្រែកយំក្នុងលក្ខណៈខុសផ្លែកពីគ្នាទៅតាមអាការ។ បើកូនស្រែកយំហើយ អ្នកម្តាយលើកពលួង ឱ្យបៅដោះក៏មិនព្រមបៅ យំឡើងរឹងខ្លួន ដៃជើងប្រឹងឡើងង បើយកដៃស្ទាបក្បាលពោះកូន នឹងដឹងថា ក្បាលពោះកូនឡើងរឹងនោះ បញ្ជាក់ថា កូនឈឺពោះហើយ។ មូលហេតុរបស់អាការឈឺពោះនៅលើក្មេងតូចៗដែលជួបប្រទះញឹកញាប់នោះគឺ មានខ្យល់នៅក្នុងពោះ ឬហើមពោះ ជាអាការប្រក្រតីដែលលោកឪពុកអ្នកម្តាយអាចសម្រាលអាការនេះឱ្យកូនតូចបាន។

ការពារមុនឈឺ
ក្រោយបំបៅដោះហើយគ្រប់ពេល ត្រូវពកូនឡើងដើម្បីឱ្យកូនភើ ដើម្បីការពារអាការណែនពោះ ដោយត្រូវពតាមវិធីឱ្យក្បាលកូនទ្រោបលើស្មាអ្នកម្តាយ ហើយអង្អែលខ្នងស្រាលៗជារឿយៗ រហូតទាល់តែកូនតូចភើចេញមក ឬឱ្យកូនអង្គុយលើភ្លៅក្នុងលក្ខណៈបែរចំហៀងដាក់អ្នកម្តាយ ដៃម្ខាងរបស់អ្នកម្តាយប្រគងចង្កា និងក្បាលកូនឱ្យជាប់ ដៃម្ខាងទៀតក៏អង្អែលខ្នងកូនស្រាលៗរហូតទាល់តែកូនតូចភើ ឬផោមចេញមក។ ក្មេងខ្លះប្រើពេលមិនយូប៉ុន្មានក៏ភើទៅហើយ តែក្មេងខ្លះទៀតអ្នកម្តាយអាចត្រូវព ឬចាប់ឱ្យភើរហូតដល់ទៅ 15 នាទីឯណោះ ដែលនេះគឺជាធម្មជាតិរបស់ក្មេងម្នាក់ៗ។

កូនបៅទឹកដោះម្តាយ
ត្រូវពឱ្យកូនបៅដោះម្តាយឱ្យត្រឹមត្រូវតាមវិធីឱ្យកូនហារមាត់ឱ្យធំល្មមនឹងបៀមក្បាលដោះជញ្ជក់ដើម្បីការពារកុំឱ្យកូនបឺតខ្យល់ចូលទៅក្នុងពោះហើយកូនក៏នឹងបានទទួលទឹកដោះម្តាយយ៉ាងពេញលេញដែរ។

កូនបៅទឹកដោះគោ
ត្រូវរៀបចំឥរិយាបទឱ្យកូនបៅឱ្យបានត្រឹមត្រូវទឹកដោះត្រូវតែពេញដល់ក្បាលជញ្ជក់ជានិច្ចមិនដូច្នោះទេកូននឹងបឺតខ្យល់ចូលទៅក្នុងពោះច្រើនមិនខាននិងគួរជ្រើសរើសក្បាលដោះឱ្យមានខ្នាតសមល្មមនឹងអាយុកូន ដើម្បីកុំឱ្យទឹកដោះហូរចេញយឺត ឬលឿនជ្រុលពេក។

អ្នកម្តាយដែលបំបៅដោះកូន
ព្យាយាមញ៉ាំអាហារណាដែលមានខ្ញី ព្រោះខ្ញីមានគុណសម្បត្តិក្នុងការបណ្តេញខ្យល់បានល្អដែលគុណសម្បត្តិនេះ នឹងបញ្ជូនបន្តតាមរយៈទឹកដោះម្តាយទៅក្នុងខ្លួនកូនហ្នឹងឯង។

ធ្វើម៉ាស្សាពោះឱ្យកូន
ដោយការដាក់កូនឱ្យគេងផ្ងារ ហើយធ្វើម៉ាស្សាជារង្វង់លើបរិវេណក្បាលពោះ ដោយស្មានទម្ងន់ដៃមិនឱ្យស្រាលពេក ឬធ្ងន់ពេក និងជ្រើសរើសធ្វើនៅពេលដែលកូនមានអារម្មណ៍ល្អ មិនគួរធ្វើនៅពេលដែលកូនឃ្លាន ឬក្រោយពេលបំបៅទឹកដោះហើយទេ។បើឃើញថាកូនស្រែកយំ ព្រោះឆ្អល់ពោះ ឬមានខ្យល់នៅក្នុងពោះច្រើន ក៏មានវិធីកែខៃដូចគ្នា ៈ

-ពកូនក្នុងឥរិយាបទដែលសប្បាយៗ ដើម្បីជួយបណ្តេញខ្យល់ក្នុងក្រពះចេញ។

-លាបប្រេងកូឡា ឬឱសថបុរាណណាដែលមានធាតុផ្សំរបស់មើមខ្ញីនៅលើពោះរបស់កូនដើម្បីបណ្តេញខ្យល់ឱ្យកូនតូច។

-បញ្ចុកថ្នាំបណ្តេញខ្យល់សម្រាប់ទារក(តែគួរប្រឹក្សាលោកគ្រូពេទ្យជាមុនថា តើទម្ងន់ខ្លួនកូនប៉ុណ្ណឹង គួរឱ្យញ៉ាំប៉ុន្មានទើបជាការប្រសើរ)

-បើលើកពហើយនៅតែមិនបាត់យំទៀត សាកល្បងឱ្យកូនគេងមួយស្របក់ ហើយសឹមលើកពម្តងទៀត វិធីនេះអាចជួយឱ្យកូនភើបានកាន់តែងាយឡើង។

-ដាក់កូនឱ្យគេងផ្ងារ ហើយចាប់ជើងកូនឡើងក្នុងឥរិយាបទដូចធាក់កង់ ឬបញ្ជុចជង្គង់កូនហើយរុញតិចៗឱ្យទៅជិតក្បាលពោះ តែត្រូវដោយថ្នមៗ។

-បើកូនស្រែកយំរាល់ថ្ងៃក្នុងពេលតែមួយ កូនអាចនឹងចូលក្នុងចំណោមអាការយំ 100 ថ្ងៃ ឬយំខូលិក បើកូនមានអាការបែបនេះ អ្នកម្តាយត្រូវប្រើភាពអត់ធ្មត់ខ្លាំងណាស់ក្នុងការជួយសម្រាលអាការរបស់កូន ត្រូវធ្វើចិត្តត្រជាក់ៗ និងទៅប្រឹក្សាជាមួយលោកគ្រូពេទ្យ។

-បើកូនស្រែកយំខុសប្រក្រតី ដូចជា ស្រែកយំវ៉ាសឡើង ស្រែកយំឡើងគាំង ដៃជើងត្រជាក់ ស្លេកស្លាំង ចូរកុំព្រងើយ ត្រូវប្រញាប់នាំកូនតូចទៅជួបលោកគ្រូពេទ្យភ្លាម ព្រោះអាចកើតសភាវឈឺពោះផ្សេងទៀត ដូចជា រមួលពោះវៀន ដែលជាសភាវគ្រោះថ្នាក់ណាស់សម្រាប់ក្មេងតូចនោះ៕

Close
Close

Sign in

Close

Cart (0)

Cart is empty No products in the cart.



Currency