មូលហេតុ ៥ យ៉ាងដែលទារកស្រែកយំពេលយប់ និងវិធីលួងឱ្យឈប់យំ

ទូទៅ ឪពុកម្តាយថ្មីថ្មោងច្បាស់ជាវិលក្បុងដោយសារមិនបានដេកពួន ជាពិសេសនៅពេល​​កូន​តូច​ស្រែក​​យំពេលយប់ ហើយ​​មិនដឹងថាវាយំដោយសារអ្វី ឬចង់បានអ្វី។  បើដូច្នេះ សូមងាក​មក​ស្វែងយល់​ទាំងអស់គ្នាអំពីមូលហេតុដែលទារកយំ និងវិធីសាស្ត្រសំខាន់ៗលួងឱ្យ​ទារកឈប់យំ។

តាមធម្មតា ទារកទើបនឹងកើតតែងតែគេងច្រើន ហើយយំ​​ក៏ច្រើនដែរ។ ទារកទើបនឹងកើតភាគច្រើនគេង​​ប្រហែល ៨ ម៉ោងអំឡុងពេលថ្ងៃ និង ៨ ម៉ោងទៀត​នៅ​ពេលយប់ ប៉ុន្តែមិនមែនគេង​ម្ដងជាប់គ្នា ៨ ម៉ោង​​ឡើយ។  ទារកមិនគេងលក់​មួយយប់ទល់ភ្លឺ (៦ ទៅ ៨ ម៉ោង​) ទេ នោះមានន័យថាគេងភ្ញាក់ច្រើន​ដង​​រហូត​​ដល់អាយុយ៉ាងតិច ៣ ខែ ខណៈទារកខ្លះរហូតដល់ ៦ ខែ ឬយូរជាងនេះក៏មាន។ ដូច្នេះអំឡុងពេលនេះ ឪពុក​​ម្ដាយប្រាកដជាវិល​ក្បុង។

 

ទោះជាយ៉ាងណា ទារកយំសុទ្ធតែមានមូលហេតុដែលចង់ប្រាប់យើងអ្វីម្យ៉ាង គ្រាន់តែគ្នាមិនចេះ
និយាយ ឬយើងស្ដាប់មិនយល់​​ប៉ុណ្ណោះ។ ការ​យំពេលយប់ជាសញ្ញាប្រាប់ថា ទារកត្រូវការឱ្យអ្នកជួយអ្វីម្យ៉ាង។ ហើយទាំងនេះជាមូលហេតុចម្បងៗដែលទារកយំពេលយប់ និងយុទ្ធសាស្ត្រលួងឱ្យទារកឈប់យំ។

  1. យំជាទម្លាប់

ជាទូទៅ ការយំប្រភេទ​នេះ​បណ្ដាល​មកពីការបំបៅ និងការគេងមិនទៀងពេល។ វាក៏អាចជាសញ្ញាប្រាប់ថា​ ដល់ពេលទារកឃ្លានបៅ ឬងងុយគេង ឬទារកបៅឆ្អែតជ្រុល។

វិធីគួរអនុវត្ត៖ ដើម្បីលួងទារកឱ្យឈប់យំពេលយប់ ត្រូវលើកទារកបី យកក្រណាត់រុំ​ខ្លួន​ទារក​​​ឱ្យកក់ក្ដៅ ហើយបី​ដើរចុះដើរឡើងដើម្បីឱ្យទារកទទួលអារម្មណ៍​ប៉ះពាល់រាងកាយ។ លើស​ពី​នេះ ឧបករណ៍​សន្ដំអារម្មណ៍ ឬកង្ហារក៏អាចជួយឱ្យទារកឈប់យំបានដែរ។

  1. ការបំបៅ​​​​​​​​

ទារកទើបនឹងកើតត្រូវការបៅរាល់ ២ ទៅ ៣ ម៉ោងម្ដង ព្រោះក្រពះរបស់ទារកតូចណាស់។ ទារកភាគច្រើនយំ​ពេលយប់ដោយសារពួកគេឃ្លាន។

វិធីគួរអនុវត្ត៖ ការយំជាសញ្ញាប្រាប់ថា ទារកឃ្លាន បន្ទាប់ពីទារកបង្ហាញ​កាយវិការ​ដូចជាលិឍ​បបូរ​​​​​មាត់ ឬបៀមដៃ។ សូមផ្ទៀងនាឡិកាមើល​ថា តើ​​ទារក​បៅ​​លើកចុងក្រោយ​បាន ២ ឬ ៣ ម៉ោង​​ហើយ​ឬនៅ​។ ប្រសិនបើបានហើយ ហើយទារក​​ស្រែកយំជាសញ្ញាប្រាប់ថា ទារកត្រូវការបៅទៀតហើយ។

  1. យំដោយសារឃ្លាន

ប្រសិនបើទារកយំនៅពេលយប់ដោយសារឃ្លាន ទារក​មានអារម្មណ៍​មួម៉ៅខ្លាំង ហើយ​​​ពិបាកលួងឱ្យ​ឈប់​យំ​ណាស់។ នៅពេលទារកប្រឹងបៅទាំងកខិបកខុប ពេលខ្លះអាច​ភើ​ចេញ​ទឹក​​​ដោះ​។ ការយំបែបនេះធ្វើឱ្យទារកពិបាក​​ក្នុងខ្លួន មានអារម្មណ៍​មួម៉ៅខ្លាំង ហើយមិនងាយ​​គេងទៅវិញ​ឡើយ។

វិធីគួរអនុវត្ត៖ គួរ​បំបៅទារក មុនពេលទារកឃ្លានខ្លាំងជ្រុល។ ការដកធ្លាទុកឱ្យទារកភើសិនអំឡុងពេលបំបៅក៏អាចជួយឱ្យទារកឈប់​យំ​​​បានដែរ។ ប្រសិនបើអ្នកបំបៅទារកដោយទឹកដោះគោ សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញអំពីប្រភេទម្សៅទឹកដោះគោ។

  1. យំដោយសារបញ្ហាអាឡែស៊ី

នៅ​ពេលទារកយំយូរ ហើយមិនទាក់ទងការឃ្លាន ការគេង ឬការមិនស្រណុកក្នុងខ្លួន​​​ជាទូទៅ នោះ​ប្រហែលជាបណ្ដាល​មកពីបញ្ហាអាឡែស៊ីទៅនឹង​ម្សៅទឹកដោះគោហើយ។ ការឆ្អុល​ពោះដោយ​​​សារ​​​​បញ្ហា​អាឡែស៊ីនេះអាច​​បណ្ដាលឱ្យទារកយំ​តាមលំអាន​ ៣ ដូចជា៖ យំលើសពី ៣ ម៉ោង​​​ក្នុងមួយថ្ងៃ (ជាធម្មតានៅពេលល្ងាច) យំលើសពី ៣ ថ្ងៃក្នុងមួយសប្តាហ៍ និងយំលើសពី ៣ សប្តាហ៍។

វិធីគួរអនុវត្ត៖ អ្នកគួរពិគ្រោះជាមួយគ្រូពេទ្យឯកទេសខាងកុមារដើម្បីកំណត់ថា តើ​កូនរបស់អ្នកយំដោយសារបញ្ហាអាឡែស៊ីទៅនឹង​ម្សៅទឹកដោះគោ ឬយ៉ាងណា។ ប្រសិនបើពិនិត្យឃើញថា កូនរបស់អ្នក​​មាន​​បញ្ហាអាឡែស៊ីនេះ សូមពិគ្រោះជាមួយ​គ្រូពេទ្យ។

  1. ចំណុចផ្សេងទៀតដែលទារកមិនស្រណុកក្នុងខ្លួន

ទោះបីក្រពះរបស់ទារក​ទៀង​ប្រៀបដូចនាឡិការោទិ៍យ៉ាងណាក្ដី ក៏មានកត្ដាផ្សេងទៀតដែលធ្វើឱ្យទារកយំនៅពេលយប់ដែរ ហើយខាងក្រោមជាចំណុចដែលគួរពិនិត្យមើល៖

  • កន្ទបដែលត្រូវប្តូរចេញ
  • ម្រាមដៃត្របាញ់ចូលគ្នា
  • បន្ទប់ដែលឡើងកម្ដៅ ឬត្រជាក់ពេក
  • ទារកឈឺ (ទារកផ្ដាសាយ ឬដំបៅត្រចៀកគេងភ្ញាក់ៗខុសពីធម្មតា

វិធីគួរអនុវត្ត៖ ជាពិសេស ប្រសិនបើអ្នកទើបបំបៅកូនរួច ហើយ​កូន​នៅតែ​​​មួម៉ៅ សូមពិនិត្យ​​មើល​​កត្តាផ្សេងទៀតដើម្បីរកវិធីលួងឱ្យទារកឈប់យំ។ ការរហ័សប្តូរកន្ទបចេញ​​មុនពេលបំបៅក៏ធ្វើឱ្យទារកមានអារម្មណ៍ស្ងប់ដែរ ពេលកំពុងបៅ។ ​ប្រសិនបើសង្ស័យថាកូនឈឺ សូមប្រញាប់ស្ទង់​​កម្ដៅខ្លួនកូន ហើយ​​បើក​ម្ដៅឡើងលើសពី ៣៨ អង្សាជាសញ្ញាប្រាប់ថា ត្រូវប្រញាប់​នាំកូន​ទៅជួបពេទ្យ។

Close
Close

Sign in

Close

Cart (0)

Cart is empty No products in the cart.



Currency