កូនក្អួតក្រោយពេលបញ្ចុកថ្នាំ តើត្រូវបញ្ចុកម្តងទៀតឬទេ?

ជឿថានៅរៀងរាល់ពេលបញ្ចុកថ្នាំក្នុងពេលដែលកូនតូចមានអាការឈឺថ្កាត់ម្តងៗនោះ គឺពិតជារឿងមួយដែលធ្វើឱ្យលោកឪពុកអ្នកម្តាយឈឺក្បាលវឹលមុខមិនស្ទើរឡើយ ព្រោះណាមួយកូនមិនព្រមញ៉ាំ ឬលេបថ្នាំនោះសោះ និងមួយទៀត គឺលេបចូលទៅហើយ តែក្អួតចេញមកវិញអស់ ធ្វើឱ្យលោកឪពុកអ្នកម្តាយកើតមានការស្ទាក់ស្ទើរក្នុងចិត្តថា តើគួរបញ្ចុកម្តងទៀតឬយ៉ាងណា? ដូច្នេះ ខាងក្រោមនេះគឺជាចម្លើយចំពោះចម្ងល់នេះ។

មូលហេតុកូនក្អួតក្រោយពេលបញ្ចុកថ្នាំរួច
អាការក្អួតរបស់កូនក្រោយពេលត្រូវប៉ាម៉ាក់បញ្ចុកថ្នាំរួច ជាបញ្ហាដែលជួបញឹកញាប់ និងកើតឡើងដដែលៗ។ កូនក្អួតក្រោយការបញ្ចុកថ្នាំច្រើនតែបណ្តាលមកពីការយំយ៉ាងខ្លាំងក្លាព្រោះមិនចូលចិត្តរសជាតិរបស់ថ្នាំ មិនចូលចិត្តក្លិនរបស់ថ្នាំ កូនត្រូវការបដិសេធទើបព្យាយាមធ្វើឱ្យកើតអាការក្អួត ឬកើតពីតិចនិកក្នុងការបញ្ចុកថ្នាំមិនល្អ ធ្វើឱ្យរសជាតិថ្នាំទៅប៉ះនឹងបរិវេណគល់អណ្តាតនាំឱ្យកើតប្រតិកម្មការខ្ជាក់ចេញមកវិញដោយស្វ័យប្រវត្តិ ដែលខាងវេជ្ជសាស្រ្តហៅថា gag reflex ធ្វើឱ្យក្មេងក្អួតចេញមក ។

កូនក្អួតក្រោយពេលបញ្ចុកថ្នាំ តើត្រូវបញ្ចុកថ្នាំម្តងទៀតឬទេ?
1 – ត្រូវបញ្ចុកឡើងវិញម្តងទៀត ៈ ក្នុងករណីបញ្ចុកហើយក្អួតភ្លាម (មិនមែនក្អែចេញមកបន្តិចបន្តួចទេ) ចូរអ្នកម្តាយបញ្ចុកថ្នាំក្នុងបរិមាណដដែលឡើងវិញម្តងទៀតក្រោយពីកូនឈប់ក្អួតហើយ។

2-មិនបាច់បញ្ចុកម្តងទៀតទេៈក្នុងករណីដែលកូនក្អួតបន្ទាប់ពីការបញ្ចុកថ្នាំកន្លងផុតទៅយូរក្រែលហើយ ឬចាប់ពីកន្លះម៉ោងឡើងទៅនោះមិនចាំបាច់បញ្ចុកឡើងវិញម្តងទៀតទេព្រោះថ្នាំមួយចំនួនអាចត្រូវបានបឺតជ្រាបចូលទៅក្នុងរាងកាយខ្លះហើយ តែត្រូវបញ្ចុកតាមពេលវេលាដែលពេទ្យកំណត់នៅលើកក្រោយទៀត។

តិចនិកការបញ្ចុកថ្នាំ ឱ្យកូនបានទទួលថ្នាំគ្រប់ចំនួនតាមវេជ្ជបញ្ជា
1- បញ្ចុកថ្នាំសម្រេចគ្រប់ពេល ត្រូវមានអារម្មណ៍ល្អតាំងពីលើកដំបូង។ លើកដំបូងរបស់ការបញ្ចុកថ្នាំត្រូវបបួលកូនតូចលេងឱ្យមើលនេះមើលនោះ ចាប់ កាន់ ឧបករណ៍ផ្សេងៗ បើស្ថិតក្នុងវ័យយល់ដឹងខ្លះហើយត្រូវអធិប្បាយ ឱ្យពេលវេលា និងកុំបង្ហាញអាការធុញថប់តានតឹងឱ្យកូនឃើញឱ្យសោះ។

2- ឧបករណ៍សម្រាប់បញ្ចុកក៏សំខាន់ដែរ ត្រូវជ្រើសរើសឱ្យស័ក្តិសម ដូចជាថ្នាំដែលមានរសជាតិល្វីង ឡារ៉ែនណែនាំឱ្យប្រើបំពង់ម្ជុលចាក់ថ្នាំ បាញ់បញ្ចូលមាត់កូនតែម្តង រួចឱ្យញ៉ាំទឹកតាមក្រោយ ចំណែកថ្នាំដែលមានរសជាតិផ្អែមអាចប្រើស្លាបព្រាបញ្ចុកបាន។

3- ឥរិយាបថរបស់កូនក្នុងពេលបញ្ចុកក៏សំខាន់ដូចគ្នាដែរ កុំបញ្ចុុកដោយឱ្យកូនគេងរាបស្មើ ព្រោះកូននឹងលេបមិនទាន់ ធ្វើឱ្យក្អួតព្រួសចេញមកវិញ ឬអាចឈ្លក់ថ្នាំបាន គួរបញ្ចុកថ្នាំកូនក្នុងឥរិយាបទដែលក្បាលនៅខ្ពស់ជាងខ្លួន។

4- ត្រូវត្រៀមទឹកទុកជាមុនបន្តិចបន្តួច បន្ទាប់ពីបញ្ចុកថ្នាំហើយ ចូរឱ្យទឹកញ៉ាំបន្តិច ព្រោះថ្នាំប្រភេទទឹកស៊ីរ៉ូធ្វើឱ្យស្អិតក្នុងបំពង់ក អាចធ្វើឱ្យកូនក្អក ហើយការឱ្យញ៉ាំទឹកបន្តិចអាចការពារអាការក្អកបាន។

5- ប្តូររសជាតិរបស់ថ្នាំ ពីល្វីងឱ្យទៅជាផ្អែម តែត្រូវសួរនាំលោកគ្រូពេទ្យជាមុនសឹន ព្រោះថ្នាំខ្លះអាចកើតប្រតិកម្មខាងគីមីជាមួយទឹកស៊ីរ៉ូ អាចមានផលប៉ះពាល់ដល់ការបឺតជ្រាបរបស់រាងកាយបាន។

បានដឹង និងស្គាល់ពីតិចនិកល្អៗពាក់ព័ន្ធនឹងវិធីបញ្ចុកថ្នាំកូនហើយ យើងសង្ឃឹមថា ក្មេងតូចៗទាំងឡាយនឹងលែងសូវក្អួតឬព្រួសថ្នាំចេញទៀតហើយ តែអាការក្អួតនេះក៏អាចបណ្តាលមកពីការកើតប្រតិកម្មចាញ់ថ្នាំដែលញ៉ាំនោះដែរ ដូច្នេះអ្នកម្តាយគួរសង្កេតមើលអាការរួមផ្សេងទៀតផង ដូចជា ឡើងកន្ទួលរមាស់ ភ្នែកហើម មាត់ហើម ពិបាកដកដង្ហើមជាដើម បើឃើញកូនតូចកើតមានអាការទាំងនេះក្រោយពេលបញ្ចុកថ្នាំរួចនោះ អ្នកម្តាយគួរប្រញាប់នាំកូនទៅមន្ទីពេទ្យជាបន្ទាន់កុំបង្អង់យូរ៕

Close
Close

Sign in

Close

Cart (0)

Cart is empty No products in the cart.



Currency